www.kpchotnews.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, January 18, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូអញ្ជើញដល់ប្រទេសបារាំង

 

(ប៉ារីស, ស្វីស)៖ នៅវេលាម៉ោងប្រមាណជា៨យប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅប្រទេសបារាំង ត្រូវនឹងម៉ោង២ទៀបភ្លឺថ្ងៃទី១៨ ខែមករា ម៉ោងនៅកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូ​អញ្ជើញដល់ទី​ក្រុង​ប៉ារីស ប្រទេសបារាំង ប្រកបដោយសុខសុវត្ថិភាព។

ដំណើរអញ្ជើញដល់ព្រលានយន្តហោះក្នុងទីក្រុងប៉ារីស ប្រទេសបារាំង សម្តេចធិបតី និងលោកជំទាវ​បណ្ឌិត ទទួលបានការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់​ លោក Paul FURIA អនុប្រធានពិធីការរដ្ឋ ទទួលបន្ទុកការងារពិធីការរបស់បារាំង​ ព្រមទាំងឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស​បារាំង។

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅប្រទេសបារាំង តបតាម​ការ​អញ្ជើញរបស់លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង។

ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនេះ សម្ដេចធិបតី នឹងត្រូវទទួលស្វាគមន៍ និងមានកិច្ច​សន្ទនា​ផ្លូវការ​ជាមួយលោកប្រធានាធិបតី ម៉ាក្រុង នៅវិមានអេលីហ្សេ។ ជំនួបកំពូលនេះ ផ្ដល់ឱកាស​ដ៏ប្រសើរ​សម្រាប់​រដ្ឋាភិបាល នៃប្រទេសទាំងពីរ​បញ្ជាក់​ជា​ថ្មីនូវ​ការប្ដេជ្ញាចិត្តរួមក្នុងការលើកកម្ពស់​ទំនាក់​ទំនងជាប្រពៃណី​នៃមិត្តភាព​ដ៏ស្និទ្ធស្នាល និងល្អប្រសើរ​ឱ្យឈានដល់កម្រិតថ្មី ដាក់ចេញផែនការ​សកម្ម​ភាព​ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដែល​ផ្តល់​ប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ព្រមទាំងរួមគ្នាដោះស្រាយ​បញ្ហាប្រឈម​សកល និងរក្សាសណ្ដាប់ធ្នាប់ពិភពលោកដែល​ផ្អែកលើច្បាប់ ឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន​នឹងត្រូវ​ចុះហត្ថលេខាក្នុងអំឡុងពេលទស្សនកិច្ចនេះ។

ក្នុងអំឡុងពេលស្នាក់នៅប្រទេសបារាំង សម្ដេចធិបតី នឹងចូលជួបសម្តែងការគួរសមជាមួយ លោក Gérard ARCHER ប្រធានព្រឹទ្ធសភា និងលោកស្រី Yaël Braun-Pivet ប្រធានរដ្ឋសភាបារាំងផងដែរ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages